គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក​ទទូច​ដល់​អាជ្ញាធរ​វៀតណាម ឱ្យ​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម ៩អង្គ/នាក់

គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក (United States Commission on International Religious Freedom) ភ្ញាក់​ផ្អើល ចំពោះ​សាលក្រម​តុលាការ​វៀតណាម ដែល​ផ្ដន្ទាទោស​ព្រះសង្ឃ​ខ្មែរ​ក្រោម ៥អង្គ និង​សកម្មជន​ខ្មែរ ក្រោម ៤នាក់ ដាក់​ពន្ធនាគារ ចាប់​ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយ​ចោទ​ប្រកាន់​អំពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ» និង​បទ «ការ​ចាប់​ខ្លួន​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​មនុស្ស​ដោយ​ខុស​ច្បាប់» តាម​ក្រម​ព្រហ្មទណ្ឌ​វៀតណាម។

ក្នុង​ចំណោម​ព្រះសង្ឃ ៥អង្គ រួមមាន ព្រះចៅ​អធិការ​វត្តទ្រនំសេក ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ជាប់​ទោស ៦ឆ្នាំ និង​ព្រះតេជព្រះគុណ យឿង ខាយ ៥ឆ្នាំ និង ៩ខែ។ សេចក្ដី​ថ្លែងការណ៍​របស់​គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក ចេញ​កាល​ពី​ថ្ងៃ​ទី១២ ធ្នូ បាន​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម ដែល​បាន​កំណត់​ទិសដៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សហគមន៍​សាសនា​ឯករាជ្យ។ ប្រធាន​គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក លោក ស្ទ៊ីផេន ស្នែក (Stephen Schneck) ចាត់​ទុក​ទង្វើ​របស់​តុលាការ​វៀតណាម​ថា ធ្វើ​ឡើង​ផ្ទុយ​ទៅ​នឹង​គោល​ជំហរ​វៀតណាម​ជា​សមាជិក​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ។ លោក​ថា សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​ស្ថានភាព​ជុំវិញ​ការ​កាត់ទោស​នេះ ដោយ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង។ គណៈកម្មការ​សេរីភាព​អន្តរសាសនា​របស់​សហរដ្ឋ​អាមេរិក ស្នើ​ដល់​រដ្ឋាភិបាល​អាមេរិក​ឱ្យ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះ​លែង​អ្នកទោស​ផ្នែក​សាសនា និង​ជំរុញ​ឲ្យ​វៀតណាម​កែ​លម្អ​សិទ្ធិ​សេរីភាព​ផ្នែក​សាសនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។